ជប៉ុន នឹងបន្តវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សាររបស់ខ្លួន - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ជប៉ុន នឹងបន្តវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សាររបស់ខ្លួន

នារសៀលថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញការវិនិយោគ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃ ក្រុមការងារសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន (Business Co-Creation Team) ដែលជាយន្តការថ្មីមួយដ៏មានប្រសិទ្ធភាពក្នុងការសម្របសម្រួល និងបង្កើតឱកាសធុរកិច្ចរួមគ្នារវាងវិនិយោគិននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងអំពីបច្ចុប្បន្នភាពនៃគម្រោងពង្រីកវិសាលភាព កំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ ក្រោមជំនួយហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុន (JICA) ដែលនឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។

ជាមួយគ្នានោះ គណៈប្រតិភូជប៉ុន បានជម្រាបជូនអំពីជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា ដែលបច្ចុប្បន្នកំពុងផ្គត់ផ្គង់ក្នុងផ្សារទំនើប AEON និងភោជនីយដ្ឋានល្បីៗ ហើយកំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្មដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តឱ្យសមាគមពិនិត្យឱកាសវិនិយោគបន្ថែមលើ កសិដ្ឋានចិញ្ចឹមបង្គា និងមច្ឆជាតិផ្សេងៗទៀតដែលមានតម្រូវការទីផ្សារខ្ពស់។ បន្ថែមពីនេះ ភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តការវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុន។

ក្នុងគោលដៅបន្តសន្ទុះនៃការទាក់ទាញវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផែនការរៀបចំ បេសកកម្មគោះទ្វារវិនិយោគនៅប្រទេសជប៉ុន នាពេលខាងមុខ ក៏ដូចជាការរៀបចំកម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast) ដើម្បីផ្តល់វេទិកាពិភាក្សាដោយផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនវិនិយោគិន។

លោកប្រធានសមាគម បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងបានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការបន្តកៀរគរវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងសារជាថ្មីនូវការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិនជប៉ុន ដើម្បីប្រែក្លាយឱកាសវិនិយោគឱ្យទៅជាផ្លែផ្កាសេដ្ឋកិច្ចជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕


No comments:

Post a Comment

Pages