ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្ដល់កិត្តិយសប្រគល់បណ្ណសរសើរជូនដល់មន្ត្រី និងអង្គភាពដែលមានស្នាដៃល្អសរុបចំនួន ៩៩ ដើម្បីជាការលើកទឹកចិត្ត ក្រោយសម្រេចបានស្នាដៃធំៗក្នុងឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានរាយការណ៍ថា ក្នុងរយៈពេលពេញមួយថ្ងៃ នៃសន្និបាត អង្គពិធីបានពិភាក្សាយ៉ាងស៊ីជម្រៅ លើចំណុចគន្លឹះ ចំនួន៤ រួមមាន៖ ទី១-យុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់ និងកាត់បន្ថយអត្រាស្លាប់ដោយជំងឺគ្រុនឈាម។ ទី២-ការពង្រឹងការងារសុខភាពមាតា ទារក និងការឆ្លើយតបជុំវិញការសម្រាល។ ទី៣-ការគ្រប់គ្រងជំងឺមិនឆ្លង ផ្សារភ្ជាប់នឹងសុខភាពសហគមន៍ និងសុខភាពសិក្សា។ និងទី៤-ការលើកកម្ពស់គុណភាពសេវាសាធារណៈ នៅតាមមូលដ្ឋានសុខាភិបាល ឱ្យស្របតាមសូចនាករដែលបានកំណត់។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាក ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ក្នុងឆ្នាំកន្លងមក។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល គឺជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ ដើម្បីឆ្ពោះទៅរកការធានាសុខុមាលភាព ជូនប្រជាពលរដ្ឋគ្រប់រូប។ គោលដៅចម្បង គឺការកសាង «ប្រព័ន្ធសុខាភិបាល ដែលមានធនធានមនុស្សគ្រប់គ្រាន់ មានជំនាញចម្រុះ មានក្រមសីលធម៌ និងមានទឹកចិត្តមុះមុត» ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ ឱ្យមានការបង្កើនវឌ្ឍនភាពលើការបណ្តុះបណ្តាលបុគ្គលិកឱ្យមានសមត្ថភាពខ្ពស់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព, ការពង្រឹងនិយ័តកម្ម និងអភិបាលកិច្ចធនធានមនុស្ស ដើម្បីធានាបាននូវការផ្តល់សេវាសុខភាពគ្រប់ជ្រុងជ្រោយ និងសមធម៌។
ឯកឧត្តម ខូយ រីដា បានស្នើឱ្យអាជ្ញាធរដែនដី អង្គការដៃគូ និងវិស័យឯកជន រួមគ្នាកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា ទារក និងកុមារ, បន្តកាត់បន្ថយការរីករាលដាលនៃជំងឺអេដស៍ របេង គ្រុនចាញ់ និងជំងឺមិនឆ្លងផ្សេងៗ និងពង្រឹងប្រព័ន្ធសុខាភិបាលតាំងពីថ្នាក់មូលដ្ឋាន (សំណុំសកម្មភាពអប្បបរមា) រហូតដល់មន្ទីរពេទ្យបង្អែក (សំណុំសកម្មភាពបង្គ្រប់)។
ជាមួយគ្នានោះ ត្រូវប្រើប្រាស់ក្របខ័ណ្ឌបច្ចេកទេសតាមដានលទ្ធផល ដើម្បីជាជំនួយដល់ការសម្រេចចិត្ត និងការដាក់ចេញនូវនវានុវត្តន៍ថ្មីៗ។ ដោយឡែកមន្ទីរសុខាភិបាល ត្រូវបន្តផ្សព្វផ្សាយផែនការនេះ ឱ្យបានទូលំទូលាយដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តមានភាពសកម្ម និងស៊ីចង្វាក់គ្នា។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ខូយ រីដា ក៏បានផ្ដាំផ្ញើដល់បុគ្គលិកសុខាភិបាលទាំងអស់ត្រូវ តម្កល់ការខិតខំបំពេញតួនាទី និងភារកិច្ចដោយមនសិកាវិជ្ជាជីវៈខ្ពស់ ផ្អែកលើគុណតម្លៃនៃ ជំនឿទុកចិត្ត សុច្ចរិតភាព គុណភាព នវានុវត្តន៍ និងសហការ ដើម្បីបន្តលើកកម្ពស់សុខភាពសាធារណៈឱ្យកាន់តែរឹងមាំ៕






































No comments:
Post a Comment