(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៦បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខណៈដែលលោកស្រីអញ្ជើញមកចូលរួម “កិច្ចសន្ទនារវាងអគ្គរដ្ឋបាល គយ នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី ២៤” ក្នុងអំឡុងពេល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥” នៅរាជធានីភ្នំពេញ ។
កិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពីលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ផងដែរ ។ ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រីរដ្ឋមន្រ្តី និងឯកអគ្គរាជទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី, អគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេស ការផ្តល់ជំនួយបច្ចេកទេសរបស់រដ្ឋបាលគយចិន លើការងារបច្ចេកទេសគយ កិច្ចសម្រួលពាណិជ្ជកម្ម ការកសាងសមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័ន គំនិតផ្តួចផ្តើមរដ្ឋបាលគយឆ្លាតវៃ បញ្ញាសិប្បនិម្មិត ដើម្បីជំរុញ ពង្រឹង និងពង្រីកបន្ថែមការតភ្ជាប់ក្នុងតំបន់ សម្រាប់កម្ពុជា ចិន និងសមាជិកអាស៊ាន ជាដើម ។
លោកស្រីរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីលទ្ធផលនៃ “កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ ប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី ២៤” កាលពីព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៦ ដោយអាស៊ាន និងចិន បានសម្រេចចេញនូវ “សេចក្តីថ្លែងការណ៍រួម” ។ ជាមួយគ្នានេះ, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៦ នេះ, អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយ អាស៊ាន នឹងរៀបចំពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងការទទួលស្គាល់ គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករ សេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយចិន” ផងដែរ ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការខិតខំបន្ថែមទៀត ក្នុងការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងខណៈដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដ ប្រជាបណ្តាលមកពីភាពតាន តឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការប្រែប្រួលសេដ្ឋកិច្ច ក៏ដូចជានិន្នាការអវិជ្ជមាននៃការការពារនិយម និងភាគីនិយម (Protectionism) ដែលជះឥទ្ធិពលអវិជ្ជមានមកលើពាណិជ្ជកម្មសេដ្ឋកិច្ច-សង្គម និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនជាដើម។ អគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងវិធានការបន្ទាន់ជាអាទិភាពនានា ដែលបានរាជរដ្ឋាភិបាលដាក់ចេញថ្មីៗនេះ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល ឆ្លើយតបនឹងតម្រូវការ ចាំបាច់ ធានាចីរភាព និងលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាជាដើម ។
ក្នុងនោះ, គិតត្រឹមបំណាច់ ត្រីមាសឆ្នាំ ២០២៦, ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានកំណើនគួរឱ្យកត់សម្គាល់។ លោកស្រីរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធី សម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិន តាមរយៈការជំរុញលើកទឹកចិត្តឱ្យមានការនាំ ចេញផលិតផលកសិកម្ម ដូចជាចេក និងធុរេនពីកម្ពុជាទៅចិនឱ្យបានច្រើនបន្ថែមទៀត និងស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់អេឡិចត្រូនិក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលនិងផលប្រយោជន៍រួមគ្នា ក្នុងការពន្លឿននិងសម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។ ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ដែលបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅ កម្ពុជា និងបានជូនពរ លោកជំទាវរដ្ឋមន្រ្តី ឯកឧត្តមអគ្គរាជទូត និងសហការី ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងដំណើរបេសកកម្មរបស់ខ្លួននៅកម្ពុជា៕













No comments:
Post a Comment