អភិបាលខេត្តពោធិ៍សាត់ ដឹកនាំចលនាចាក់ប៉េតុងបំពេញគំហុក ផ្លូវលេខ១៥៤D ស្រុកបាកាន ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានកុំពឹងផ្អែកតែថវិកាថ្នាក់ជាតិ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំចលនាចាក់ប៉េតុងបំពេញគំហុក ផ្លូវលេខ១៥៤D ស្រុកបាកាន ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានកុំពឹងផ្អែកតែថវិកាថ្នាក់ជាតិ



 

(ពោធិ៍សាត់)៖ ក្រោយពីបានបញ្ចប់បេសកកម្មចុះត្រួតពិនិត្យ និងអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សារបស់ប្រជាកសិករ ដែលរងគ្រោះដោយកូនរដូវប្រាំង និងបាតុភូតអ៊ែលនីញ៉ូនោះរួចមក នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចុះបើកយុទ្ធនាការចលនាចាក់ប៉េតុងឡប់ឡែ បំពេញគំហុក ដើម្បីស្តារ និងសម្រួលដល់ការធ្វើដំណើរ លើកំណាត់ផ្លូវកៅស៊ូអភិវឌ្ឍន៍ជនបទ លេខ១៥៤D គិតចាប់ពីចំណុចផ្លូវជាតិលេខ៥ ក្នុងឃុំបឹងខ្នារ ឆ្ពោះទៅកាន់ឃុំមេទឹក ស្រុកបាកាន ដែលបានទទួលរងការខូចខាតធ្ងន់ធ្ងរ។

ការចុះអន្តរាគមន៍បន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យបាននូវការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ជូនប្រជាពលរដ្ឋបានឆាប់រហ័ស ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានរលូនឡើងវិញ ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។

ថ្លែងក្នុងសកម្មភាពដឹកនាំផ្ទាល់នៅនឹងកន្លែង ឯកឧត្តម ខូយ រីដា បានបញ្ជាក់យ៉ាងមុតមាំថា យើងមិនត្រូវគិតចាំតែថវិការបស់ថ្នាក់ជាតិធ្លាក់ពីលើនោះឡើយ គឺអាជ្ញាធរស្រុក ឃុំ និងភូមិ ត្រូវចេះរិះរកវិធីសាស្ត្រ និងបន្តចលនាដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីរួមគ្នាចាត់វិធានការដោះស្រាយជាប្រចាំ ដល់បងប្អូនយើងឱ្យធ្វើដំណើរបានស្រួល។

ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា សកម្មភាពចុះអន្តរាគមន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាគំរូដ៏មានសារសំខាន់មួយ ដែលលោកចង់បំផុសចលនា ឱ្យគ្រប់ក្រុង-ស្រុកទាំងអស់ទូទាំងខេត្តពោធិ៍សាត់ យកតម្រាប់តាម និងធ្វើសកម្មភាព ដូចឃុំបឹងខ្នារនេះដែរ សំដៅពង្រឹងកិច្ចសហការ និងស្មារតីម្ចាស់ការ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចម្រើនទ្វេដង។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្រោមស្មារតីសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ នឹងបន្តជាកម្លាំងចលករដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឧត្តមប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

No comments:

Post a Comment

Pages