រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពីតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន ជូនសិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការជាង ៤០០នាក់ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពីតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន ជូនសិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការជាង ៤០០នាក់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពី «រចនាសម្ព័ន្ធចាត់តាំង តួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន» ជូនថ្នាក់ដឹកនាំ និងសិក្ខាកាមនៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ប្រមាណជាង ៤០០នាក់ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់អំពីមុខងារស្នូលរបស់ក្រសួងព័ត៌មាន គឺដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងសម្របសម្រួលកិច្ចការទំនាក់ទំនងសាធារណៈជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ក្រសួងមានភារកិច្ចធានាសណ្តាប់ធ្នាប់សារព័ត៌មាន សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី។ ជាមួយគ្នានេះ ក្រសួងក៏ផ្តល់ និងផ្សព្វផ្សាយព័ត៌មានគ្រប់វិស័យជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ព្រមទាំងគ្រប់គ្រងមាតិកាព័ត៌មាន និងការផ្សាយពាណិជ្ជកម្មស្របតាមច្បាប់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្រសួងព័ត៌មានដើរតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការងារទំនាក់ទំនងសាធារណៈ ការគ្រប់គ្រងព័ត៌មាន និងលំហព័ត៌មាន។ ក្រសួងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីរួមចំណែករក្សាសន្តិសុខព័ត៌មាន សន្តិសុខឌីជីថល និងសន្តិសុខជាតិ។ ការងារសំខាន់ៗរួមមាន ការជំរុញទំនើបកម្មយន្តការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងការរៀបចំផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាន។

ការធ្វើបទឧទ្ទេសនាម និងបាឋកថានេះ មានសារៈសំខាន់ណាស់ ក្នុងបរិបទដែលវិស័យព័ត៌មានកំពុងវិវត្តយ៉ាងឆាប់រហ័ស ស្របពេលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយទំនើបកាន់តែមានសារៈសំខាន់។ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍នេះ សិក្ខាកាមបានស្វែងយល់កាន់តែច្បាស់អំពីការងាររបស់ក្រសួងព័ត៌មាន និងការរួមចំណែកដ៏ធំធេងរបស់វិស័យព័ត៌មានក្នុងការបម្រើសង្គម និងស្ថាប័នរដ្ឋ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកវិទ្យាស្ថានបញ្ជាការ-សេនាធិការ បានឱ្យដឹងថា វិទ្យាស្ថានបញ្ជាការ-សេនាធិការ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១ ដោយមានទីតាំងដំបូងនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទីតាំងសាកលវិទ្យាល័យការពារជាតិនាពេលបច្ចុប្បន្ន និងមានឈ្មោះថា «មជ្ឈមណ្ឌលបញ្ជាការ-សេនាធិការ» ចំណុះបណ្ឌិត្យសភាយោធានៃក្រសួងការពារជាតិ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ បណ្ឌិត្យសភាយោធាត្រូវបានបង្កើតទៅជាសាកលវិទ្យាល័យការពារជាតិ ហើយមជ្ឈមណ្ឌលបញ្ជាការ-សេនាធិការ ក៏បានក្លាយជា «មហាវិទ្យាល័យបញ្ជាការ-សេនាធិការ»។ បន្ទាប់មក នៅខែមិថុនា ឆ្នាំ២០២៤ មហាវិទ្យាល័យបញ្ជាការ-សេនាធិការ ត្រូវបានកែសម្រួលមកចំណុះអគ្គបញ្ជាការដ្ឋានវិញ និងមានឈ្មោះថា «វិទ្យាស្ថានបញ្ជាការ-សេនាធិការ» រហូតមកដល់បច្ចុប្បន្ន។

បច្ចុប្បន្ន វិទ្យាស្ថានមាននាយទាហាន យោធាចារ្យ បុគ្គលិក និងសិក្ខាកាមសរុបចំនួន ២៩៦នាក់ ក្នុងនោះមានស្ត្រី ៣៦នាក់។ វិទ្យាស្ថានក៏មានសិស្សសាលាមត្តេយ្យចំនួន ៥១នាក់ ក្នុងនោះកុមារី ២៧នាក់។

វិទ្យាស្ថានមានបេសកកម្មបណ្តុះបណ្តាល និងបំប៉ននាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលជានាយទាហានសេនាធិការ មេបញ្ជាការវរសេនាតូច កងពលតូច កងពលធំ និងថ្នាក់ប្រហាក់ប្រហែល ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗទៀត តាមបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ។

ចាប់តាំងពីឆ្នាំ២០០១ មកដល់បច្ចុប្បន្ន វិទ្យាស្ថានបានបើកវគ្គបណ្តុះបណ្តាលនាយទាហានបញ្ជាការ-សេនាធិការចំនួន ២៣វគ្គ មានសិក្ខាកាមសរុប ២,២២៦នាក់ ក្នុងនោះស្ត្រី ២៣នាក់។ ក្រៅពីនេះ វិទ្យាស្ថានក៏បានបើកវគ្គបំប៉នជូនមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានចំនួន ២វគ្គ ដែលមានសិក្ខាកាម ៥០នាក់។

សម្រាប់ទិសដៅបន្ត វិទ្យាស្ថានមានចក្ខុវិស័យពង្រឹងវិន័យ ពង្រីកសមត្ថភាព និងគុណភាពរបស់បុគ្គលិក ជាពិសេសយោធាចារ្យ ព្រមទាំងធ្វើទំនើបកម្មការហ្វឹកហ្វឺន កម្មវិធីសិក្សា និងមេរៀន ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ថ្មីៗ និងការរីកចម្រើននៃបច្ចេកវិទ្យាទំនើប៕

No comments:

Post a Comment

Pages