ក្រសួងព័ត៌មាន និង JCA ចាប់ផ្តើមកិច្ចសហការអភិរក្សបណ្ណសារវីដេអូប្រវត្តិសាស្ត្រ ជាសម្បត្តិបេតិកភណ្ឌជាតិ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ក្រសួងព័ត៌មាន និង JCA ចាប់ផ្តើមកិច្ចសហការអភិរក្សបណ្ណសារវីដេអូប្រវត្តិសាស្ត្រ ជាសម្បត្តិបេតិកភណ្ឌជាតិ

ក្រសួងព័ត៌មាន និងសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association – JCA) កំពុងចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើការអភិរក្ស និងបំប្លែងបណ្ណសារវីដេអូប្រវត្តិសាស្ត្រដែលបានថតទុកពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងព្រឹត្តិការណ៍សំខាន់ៗនានា ទៅជាទម្រង់ឌីជីថល ដើម្បីរក្សាទុកជាប្រភពឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ និងជាសម្បត្តិបេតិកភណ្ឌជាតិសម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដូច្នេះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំ និងអភិរក្សបណ្ណសារវីដេអូចាស់ៗ ដែលកំពុងរក្សាទុកនៅទូរទស្សន៍ជាតិកម្ពុជា (TVK) ជាពិសេសការបំប្លែងឯកសារដែលមានផ្ទុកនៅលើមេឌៀចាស់ៗ ឬទម្រង់ផ្ទុកទិន្នន័យដែលលែងប្រើប្រាស់ ទៅជាបណ្ណសារឌីជីថល។ ការងារនេះនឹងរួមចំណែកការពារឯកសារទាំងនោះពីការខូចខាត និងការបាត់បង់ ព្រមទាំងជួយសម្រួលដល់ការរៀបចំ ចាត់ថ្នាក់ ស្វែងរក និងប្រើប្រាស់ឯកសារបានកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះសមាគមជប៉ុន-កម្ពុជា ដែលបានចូលរួមសហការគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ដោយចាត់ទុកបណ្ណសារវីដេអូចាស់ៗថា ជាប្រភពព័ត៌មាន និងឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលអាចឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ សកម្មភាព និងការវិវត្តសំខាន់ៗរបស់ប្រទេសកម្ពុជាក្នុងអតីតកាល។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បណ្ណសារវីដេអូទាំងនេះមិនមែនគ្រាន់តែជាឯកសារសម្រាប់រក្សាទុកក្នុងឃ្លាំងប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាង និងជាប្រភពចំណេះដឹងដែលមានតម្លៃសម្រាប់ការសិក្សា ស្រាវជ្រាវ និងការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការអភិរក្ស និងបំប្លែងបណ្ណសារទាំងនេះទៅជាទម្រង់ឌីជីថល គឺជាការងារចាំបាច់ ដើម្បីធានាថាឯកសារដ៏មានតម្លៃទាំងនេះអាចរក្សាទុកបានយូរអង្វែង និងមិនត្រូវបានបាត់បង់ ឬខូចខាតទៅតាមពេលវេលា។ ជាមួយគ្នានេះ បណ្ណសារឌីជីថលក៏នឹងជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការចាត់ថ្នាក់ ការស្វែងរក និងការប្រើប្រាស់ឯកសារសម្រាប់ការងារព័ត៌មាន និងការផ្សព្វផ្សាយជូនសាធារណជន។

រដ្ឋមន្ត្រីបានបន្ថែមថា ការងារអភិរក្សនេះមានគោលដៅធានាថា បណ្ណសារវីដេអូប្រវត្តិសាស្ត្រទាំងនេះនឹងក្លាយជាមរតកឯកសាររបស់ជាតិ ដែលអាចបន្តបម្រើជាប្រភពចំណេះដឹង និងព័ត៌មានសម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំងគាំទ្រដល់ការសិក្សា ការស្រាវជ្រាវ ការផលិតព័ត៌មាន និងការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះ ក្នុងជំនួបក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសមាគមជប៉ុន-កម្ពុជា លើវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតមាតិកាឌីជីថល ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពមន្ត្រី និងអ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការទទួលបានចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

ជាការឆ្លើយតប ភាគី JCA បានបង្ហាញឆន្ទៈក្នុងការស្វែងរកឱកាសបន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស ព្រមទាំងការគាំទ្រដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការអភិរក្សមរតកឯកសារប្រវត្តិសាស្ត្ររបស់ជាតិឱ្យបានគង់វង្ស៕

No comments:

Post a Comment

Pages