បាត់ដំបង៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីកំណត់នៃការចូលរៀនឆ្នាំសិក្សាថ្មីបន្ទាប់ពីសិស្សានុសិស្សបានឈប់សម្រាកវិស្សមកាលអស់រយៈពេល២ខែកន្លងទៅ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត នាយក នាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ ដែលពិធីនេះធ្វើឡើងនៅបរិវេណវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញការកត់សម្គាល់ថា ក្រោមការជំរុញពីអាណាព្យាបាល ការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្សធ្វើឱ្យអត្រាសិស្សជាប់បាក់ឌុបនៅខេត្តបាត់ដំបងមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសចំនួនសិស្សជាប់និទ្ទេសAមានការកើនឡើងរៀងរាល់ឆ្នាំ។
ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងបន្ថែមថា ការរៀន និងបង្រៀននាពេលបច្ចុប្បន្ននេះមានលក្ខណៈទំនើបជឿនលឿន និងសម្ភារៈបរិក្ខាដ៏សំបូរបែប មិនពិបាកដូចកាលពីអតីតកាលនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន បារីអេឡិកត្រូនិក អំពើអបាយមុខ គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន។
ឯកឧត្តម សុខ លូ ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយក នាយិកា លោកគ្រូ អ្នកគ្រូ ត្រូវបន្តខិតខំរួមគ្នាធ្វើឱ្យវិស័យអប់រំនៅក្នុងខេត្តបាត់ដំបងមានការរីកចម្រើនឡើងបន្ថែមទៀត។











No comments:
Post a Comment