(បាត់ដំបង)នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដើម្បីត្រៀមធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ក្នុងឱកាសនេះផងដែរ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានសម្តែងសេចក្តីត្រេកអរ សប្បាយរីករាយនិងសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានសាងសង់ទំនប់ដូនទ្រីនេះឡើងដែលជាសមិទ្ធផលថ្មីមួយសម្រាប់បម្រើផលប្រយោជន៍នៅក្នុងខេត្តបាត់ដំបង។
គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសាងសង់សម្រេចបាន ១០០% ហើយ ខណៈទំនប់នេះអាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និងមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មនៅរដូវវស្សាប្រមាណ ៣៣០០០ហិកតា និងរដូវប្រាំងប្រមាណ ៤៥០០ហិកតា ក្នុងឃុំចំនួន១៥នៃស្រុកចំនួនបីគឺ ស្រុកមោងឬស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ គម្រោងនេះក៏នឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ជាពិសេសវិស័យទឹកស្អាតដែលបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕

















No comments:
Post a Comment