អភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរត្រូវនៅឱ្យកៀកប្រជាពលរដ្ឋ ដើម្បីទទួលបាននូវព័ត៌មាន និងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរត្រូវនៅឱ្យកៀកប្រជាពលរដ្ឋ ដើម្បីទទួលបាននូវព័ត៌មាន និងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ

កំពត៖ ដើម្បីទទួលបាននូវព័ត៌មាន និងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបញ្ចូលខ្លួនជាសមាជិកនៅគ្រប់ក្រុមគ្រួសារក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបាននៅកៀកជាមួយប្រជាពលរដ្ឋ។

ទន្ទឹមនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ស្មៀនឃុំ-សង្កាត់នៅទូទាំងខេត្តកំពត ត្រូវយកបេះដូងទៅបម្រើប្រជាពលរដ្ឋ កុំមានការគាបសង្កត់ កេងប្រវ័ញ្ចផលប្រយោជន៍ពីពលរដ្ឋ ពិសេសត្រូវពិនិត្យឱ្យបានច្បាស់នូវអក្ខរាវិរុទ្ធពេលចុះសំបុត្រអត្រានុកូលដ្ឋានជូនពួកគាត់។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកស្រី ង៉ែត សូរ្យសែង ជាអភិបាលស្រុកជុំគិរី នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នាសាលាស្រុកជុំគិរី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើការក្រើនរំលឹក និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងការចង់បានរបស់ពួកគាត់។ 

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ប្រសិនបើយើងចង់ដឹងអំពី សុខទុក្ខ តម្រូវការ និងសំណូមពរ របស់ពលរដ្ឋក្នុងមូលដ្ឋានរបស់យើង គឺយើងត្រូវនៅឱ្យកៀកនឹងប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ ហើយអ្វីដែលយើងត្រូវធ្វើនោះ គឺយើងត្រូវបញ្ចូលខ្លួននៅជាសមាជិកម្នាក់ ដែលក្នុងនាមជាកូន ជាបង ជាប្អូន នៅគ្រប់ក្រុមគ្រួសារទាំងអស់ក្នុងមូលដ្ឋាន។

ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ពលរដ្ឋគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ដោយសម្តេចបានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកិច្ចចង្អុលការមកកាន់អាជ្ញាធររាជធានី-ខេត្ត ត្រូវគ្រប់គ្រង និងដោះស្រាយរាល់ទុក្ខលំបាក តម្រូវការ និងសំណូមពររបស់ពលរដ្ឋឱ្យបានល្អប្រសើរ។ ដូច្នេះ ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធិភាពតាមការចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែទទួលបាននូវព័ត៌មានពិតពីប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយត្រូវចុះទៅពិនិត្យ និងជួបផ្ទាល់ជាមួយពួកគាត់ក្នុងនាមជាសមាជិកគ្រួសារ។ ការធ្វើដូចនេះគឺបានបង្ហាញពីការផ្តល់ភាពកក់ក្តៅជូនពលរដ្ឋក្នុងមូលដ្ឋានខ្លួន ពិសេសបង្កើនភាពសិទ្ធស្នាលរវាងពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ហើយពួកគាត់ក៏ហ៊ាននិយាយ និងផ្តល់ព័ត៌មានអំពីតម្រូវការ សំណូមពរ និងបញ្ហាប្រឈមមកកាន់អាជ្ញាធរដោយមិនមានការលាក់លៀមនោះដែរ។

ក្នុងពិធីនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ស្មៀនឃុំ-សង្កាត់ទាំង៩៣ នៅទូទាំងខេត្ត ត្រូវយកបេះដូងមកបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសត្រូវចេះយកអាសារពលរដ្ឋតាមរយៈការផ្តល់សេវាផ្សេងៗឱ្យបានឆាប់រហ័សបំផុត។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏ជំរុញឱ្យស្មៀនឃុំ-សង្កាត់ទាំងអស់ ត្រូវពិនិត្យអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវមុនពេលចេញឯកសារអត្រានុកូលដ្ឋានជូនពលរដ្ឋ ព្រោះកន្លងមកបញ្ហាខុសអក្ខរាវិរុទ្ធនេះបានកើតឡើងជាញឹកញាប់ ហើយក៏បានបង្ករការលំបាកដល់ពួកគាត់ដែលជាអ្នកប្រើប្រាស់ផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តកំពត ក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូមួយគ្រឿងដល់ស្មៀនឃុំ-សង្កាត់ទាំងអស់ ដែលបានបម្រើពលរដ្ឋក្នុងមូលដ្ឋានខ្លួនបានល្អប្រសើរ តាមរយៈការផ្តល់ព័ត៌មានពីពលរដ្ឋ។

យោងតាមអនុក្រឹតលេខ ៥៩០ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានតែងតាំងលោកស្រី ង៉ែត សូរ្យសែង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកជុំគិរី ខេត្តកំពត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

No comments:

Post a Comment

Pages